បន្ទាប់ពីមានការចែករំលែកព័ត៌មានតាមបណ្តាញសង្គម ដែលអះអាងថា អគារចំនួន 6 នៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការស៊ើបអង្កេតតាមច្បាប់ និងបញ្ជាក់ថា មិនមានការរកឃើញអំពើល្មើសណាមួយឡើយ។ នគរបាលភ្នំពេញបានឲ្យដឹងថា បន្ទាប់ពីមានការបង្ហោះព័ត៌មានលើបណ្តាញ Facebook អំពីអគារទាំងនេះ អាជ្ញាធរបានយកចិត្តទុកដាក់ និងរៀបចំកម្លាំងចុះត្រួតពិនិត្យតាមនីតិវិធីច្បាប់។ ទីតាំងដែលត្រូវបានរាយការណ៍រួមមាន អគារ The Bridge, អគារ Marry Time, អគារ Skyline, អគារដែលមានសញ្ញាមកុដ និងអគារ Sky Tree Condominium ជាដើម។ កម្លាំងនគរបាលបានចុះពិនិត្យជាក់ស្តែងនៅទីតាំងទាំងនេះ ដោយមានអគារខ្លះត្រូវបានត្រួតពិនិត្យច្រើនដង។ លទ្ធផលបង្ហាញថា មិនមានការរកឃើញអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ឡើយ ហើយជនបរទេសដែលរស់នៅ ឬធ្វើការនៅទីនោះ សុទ្ធតែមានឯកសារស្របច្បាប់ ត្រឹមត្រូវតាមច្បាប់កម្ពុជា។ នគរបាលបានបន្ថែមថា អាជ្ញាធរបន្តអនុវត្តវិធានការត្រួតពិនិត្យ បង្ការ និងបង្ក្រាបអំពើឆបោកអនឡាញ នៅទូទាំងរាជធានីភ្នំពេញ ស្របតាមអនុក្រឹត្យរដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃទី 5 ខែមករា ឆ្នាំនេះ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នឹងបន្តរក្សាស្ថានភាពតឹងរ៉ឹងក្នុងការអនុវត្តច្បាប់ និងអំពាវនាវឲ្យម្ចាស់អគារ និងម្ចាស់ទីតាំងទាំងអស់ សហការជាមួយអាជ្ញាធរ ប្រសិនបើមានការសង្ស័យអំពីសកម្មភាពឆបោក ត្រូវរាយការណ៍ភ្លាមៗ។ ការលាក់បាំង ឬជួយសម្របសម្រួលអំពើឆបោក នឹងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹង។ ការនាំទិសប្រកាស ការពារអធិបតេយ្យភាពជាតិ កម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋរួបរួម និងមានស្មារតីត្រឹមត្រូវ កម្ពុជានឹងបន្តអនុវត្តច្បាប់ចរាចរណ៍ទូទាំងប្រទេស ចាប់ពីខែកុម្ភៈ ដោយសារគ្រោះថ្នាក់កើនឡើង