តាមប្រភពយោធាសហរដ្ឋអាមេរិក ដែលត្រូវបានសារព័ត៌មានបរទេសដកស្រង់មក បង្ហាញថា ប្រធានាធិបតី Donald Trump បានជូនដំណឹងជាមុនដល់សម្ព័ន្ធមិត្តសំខាន់ៗនៅមជ្ឈឹមបូព៌ា ថាសហរដ្ឋអាមេរិកកំពុងពិចារណាធ្វើសកម្មភាពយោធាប្រឆាំងនឹង អ៊ីរ៉ង់ ហើយអាចអនុញ្ញាតឱ្យវាយប្រហារនៅដើមបំផុតនៅថ្ងៃអាទិត្យ ទី 1 ខែកុម្ភៈ។

លោក Trump ក៏បានបញ្ជាក់ថា ការចរចាជាមួយអ៊ីរ៉ង់នៅតែបន្ត ហើយបានថ្លែងថា នាវាចម្បាំងអាមេរិកមានសមត្ថភាពខ្ពស់កំពុងធ្វើដំណើរទៅកាន់តំបន់ជិតអ៊ីរ៉ង់ ដោយបន្ថែមថា «ប្រសិនបើមិនចាំបាច់ប្រើប្រាស់ នោះកាន់តែប្រសើរ»។ ពេលត្រូវសួរថា តើលោកបានទាក់ទងដោយផ្ទាល់ជាមួយអ៊ីរ៉ង់ឬអត់ លោកបានឆ្លើយថា «ខ្ញុំបានធ្វើ ហើយនឹងបន្តធ្វើទៀត»។

តាមការរាយការណ៍របស់ The New York Times ក្រុមទីប្រឹក្សារបស់លោក Trump បានដាក់ស្នើជម្រើសយោធាជាច្រើន រួមមានការវាយប្រហារដោយផ្ទាល់ ឬការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ ដើម្បីបង្កភាពវឹកវរ ប៉ះពាល់ដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ ហើយក៏មានគោលដៅប៉ះពាល់ដល់អំណាចរបស់មេដឹកនាំខ្ពស់ Ali Khamenei ផងដែរ។

សារព័ត៌មាន Drop Site News ក៏បានដកស្រង់ប្រភពថា មន្ត្រីយោធាអាមេរិកជាន់ខ្ពស់បានប្រាប់សម្ព័ន្ធមិត្តមជ្ឈឹមបូព៌ា ថា ការវាយប្រហារនេះ «មិនមែនគ្រាន់តែពាក់ព័ន្ធនឹងនុយក្លេអ៊ែរ ឬមីស៊ីលទេ ប៉ុន្តែទាក់ទងនឹងការផ្លាស់ប្តូររបប» ដែលធ្វើឱ្យស្ថានការណ៍តំបន់នេះត្រូវបានគេតាមដានយ៉ាងជិតស្និទ្ធ។