ថ្មីៗនេះ មានពាក្យចចាមអារ៉ាមមួយផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលអះអាងថា ផែនដីនឹងមានការផ្អាកទំនាញជាបណ្តោះអាសន្ន នៅពេលណាមួយក្នុងឆ្នាំនេះ។ ពាក្យចចាមអារ៉ាមខ្លះ ទៀតបានអះអាងថា អង្គការអវកាសអាមេរិក NASA កំពុងអនុវត្តគម្រោងសម្ងាត់មួយឈ្មោះ “Project Anchor” ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ។ ព័ត៌មានទាំងនេះបានរាលដាលយ៉ាងឆាប់រហ័ស និងបង្កឱ្យប្រជាពលរដ្ឋមួយចំនួនមានការភ័យខ្លាច។ ពាក្យចចាមអារ៉ាមទាំងនេះ បានពណ៌នាដោយសំឡេងគួរឱ្យភ័យខ្លាច ដោយអះអាងថា នៅថ្ងៃទី ១២ ខែសីហា ទំនាញផែនដីនឹងបាត់បង់ជាបណ្តោះអាសន្ន ធ្វើឱ្យមនុស្ស និងវត្ថុផ្សេងៗ អណ្ដែតឡើង ហើយបន្ទាប់មកធ្លាក់ចុះវិញនៅពេលទំនាញត្រឡប់មកវិញ ដែលអាចបង្កឱ្យមានការបាត់បង់ជីវិតយ៉ាងច្រើន។ ប្រកាសខ្លះទៀតបានអះអាងពីចំនួនអ្នកស្លាប់យ៉ាងច្រើន ដល់កម្រិតរាប់សិបលាននាក់ និងបាននិយាយថា NASA បានចំណាយថវិកាដល់ ៨៩ ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ចំពោះរឿងនេះ NASA បានចេញមុខបដិសេធយ៉ាងច្បាស់ ដោយបញ្ជាក់ថា ព័ត៌មានទាំងនេះ គ្មានមូលដ្ឋានវិទ្យាសាស្ត្រឡើយ។ NASA បានបញ្ជាក់ថា គម្រោង “Project Anchor” មិនមានពិតទេ ហើយរឿងទាំងមូលគឺជាព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណិត។ គេហទំព័រពិនិត្យការពិត Snopes ក៏បានចូលរួមពិនិត្យ និងបញ្ជាក់ថា ពាក្យចចាមអារ៉ាមទាំងនេះគ្មានភស្តុតាងគួរឱ្យទុកចិត្តឡើយ។ NASA បានពន្យល់បន្ថែមថា ទំនាញផែនដីកើតឡើងដោយសារមាឌធំ និងម៉ាសសរុបដ៏មហិមារបស់ផែនដី ហើយមិនអាចបាត់បង់ភ្លាមៗក្នុងរយៈពេលខ្លីបានទេ។ លុះត្រាតែមានស្ថានភាពធ្ងន់ធ្ងរខ្លាំង និងស្ទើរតែមិនអាចកើតឡើងបាន ដូចជាការបាត់បង់រចនាសម្ព័ន្ធខាងក្នុងផែនដី មហាសមុទ្រ ទឹក និងបរិយាកាសក្នុងពេលតែមួយ ទើបអាចប៉ះពាល់ដល់ទំនាញផែនដី។ និយាយម្យ៉ាងទៀត ប្រសិនបើមានការផ្លាស់ប្តូរដែលអាចប៉ះពាល់ដល់ទំនាញផែនដីពិតប្រាកដ នោះមនុស្សជាតិនឹងប្រឈមមុខនឹងការបាក់បែកទាំងស្រុង មិនមែនជាបាតុភូតខ្លីៗត្រឹមប៉ុន្មានវិនាទីនោះទេ។ ចំពោះកាលបរិច្ឆេទថ្ងៃទី ១២ ខែសីហា ដែលបានលើកឡើងក្នុងពាក្យចចាមអារ៉ាម NASA បានបញ្ជាក់ថា អ្វីដែលនឹងកើតឡើងពិតប្រាកដ គឺគ្រាន់តែជាបាតុភូត ព្រះអាទិត្យគ្របដោយព្រះច័ន្ទពេញលេញ ដែលអ្នកតារាវិទ្យាបានព្យាករណ៍ទុកជាមុន។ NASA បានសង្កត់ធ្ងន់ថា បាតុភូតនេះមិនបង្កឱ្យមានការផ្លាស់ប្តូរទំនាញផែនដីអ្វីឡើយ។ ទោះបីជាកម្លាំងទំនាញរបស់ព្រះអាទិត្យ និងព្រះច័ន្ទ មានឥទ្ធិពលលើជំនោរទឹកក៏ដោយ ប៉ុន្តែវាជាបាតុភូតដែលវិទ្យាសាស្ត្រយល់ដឹងយ៉ាងច្បាស់ និងមិនប៉ះពាល់ដល់ទំនាញសរុបរបស់ផែនដីឡើយ។ អ្នកជំនាញបានបញ្ជាក់ថា ទ្រឹស្តីសមគំនិតប្រភេទនេះ ងាយនឹងរាលដាលតាមអ៊ីនធឺណិត ដោយសារការយល់ច្រឡំអំពីគោលការណ៍រូបវិទ្យា រួមជាមួយលេខអតិផរណា និងការនិទានបែបអាថ៌កំបាំង ដែលងាយទាក់ទាញការចាប់អារម្មណ៍ និងបង្កការភ័យខ្លាច។ NASA ក៏បានអំពាវនាវឱ្យសាធារណជនរក្សាការយល់ឃើញដោយមានហេតុផល ពិនិត្យព័ត៌មានពីប្រភពជាច្រើន និងជៀសវាងការជឿលើព័ត៌មានមិនពិត។ ជាមួយគ្នានេះ NASA ក៏បានរំលឹកអំពីសុវត្ថិភាពក្នុងការសង្កេតបាតុភូតព្រះអាទិត្យគ្របដោយព្រះច័ន្ទ ដោយបញ្ជាក់ថា លុះត្រាតែស្ថិតក្នុងដំណាក់កាលដែលព្រះច័ន្ទគ្របព្រះអាទិត្យទាំងស្រុង មិនគួរមើលព្រះអាទិត្យដោយភ្នែកទទេឡើយ ហើយត្រូវពាក់វ៉ែនតាសង្កេតព្រះអាទិត្យដែលមានស្តង់ដារ ដើម្បីជៀសវាងការខូចខាតភ្នែកជាអចិន្ត្រៃយ៍។ ការនាំទិសប្រកាស បើកដេញថ្លៃជាសាធារណៈ៖ ធនាគារ Prince Bank ចាប់ផ្តើមលក់ទ្រព្យសកម្មឥណទាន ខណៈដំណើរការរំលាយបន្តដំណើរ Fresh AI ដាក់ចេញ Version 15 ជាមួយមុខងារថ្មីៗជាច្រើន និងឆ្លាតវៃជាងមុន បន្តពង្រឹងបទពិសោធន៍ AI ជាភាសាខ្មែរ