អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសនៅថ្ងៃទី 28 ខែ3 ថា នឹងកែសម្រួលអត្រាពន្ធនាំចូល និងនាំចេញលើទំនិញមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍថាមពលបៃតង និងកាត់បន្ថយចំណាយ។

តាមគោលនយោបាយថ្មី ពន្ធនាំចូលលើទំនិញ 9 ប្រភេទ រួមមាន ឧបករណ៍សាករថយន្តអគ្គិសនី ឆ្នាំងអគ្គិសនី និងភ្លើងសូឡា ត្រូវបានបន្ថយពី 7% មក 0%។

ពន្ធនាំចូលលើម៉ូទ័ររថយន្តអគ្គិសនី ប្រព័ន្ធថាមពលព្រះអាទិត្យ ថ្មលីចូម និងរថយន្ត EV HEV និង PHEV ក៏ត្រូវបានបន្ថយពី 15% មក 0% ផងដែរ។

លើសពីនេះ ពន្ធនាំចូលរថយន្ត PHEV សម្រាប់ប្រើប្រាស់ផ្ទាល់ ត្រូវបានបន្ថយពី 35% មក 7% ខណៈផលិតផលអគ្គិសនីមួយចំនួនត្រូវបានបន្ថយពី 35% មក 0%។

នៅផ្នែកនាំចេញ ពន្ធលើរ៉ែអាលុយមីញ៉ូម ត្រូវបានបន្ថយពី 25% មក 10%។

គោលនយោបាយថ្មីនេះ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី 1 ខែ4 ឆ្នាំ2026 ហើយត្រូវបានរំពឹងថា នឹងជួយបន្ថយតម្លៃសម្រាប់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់ថាមពលបៃតង។