អាជ្ញាធរអគ្គិសនីកម្ពុជា បានបង្ហាញថា ការដំឡើងប្រព័ន្ធសូឡាលើដំបូល កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ន បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដំឡើងសូឡា 21 ក្រុមហ៊ុន និងអនុម័តប្រព័ន្ធសូឡាលើដំបូលចំនួន 1,153 ប្រព័ន្ធ មានសមត្ថភាពសរុប 163.59 MWac សម្រាប់អ្នកប្រើប្រាស់អគ្គិសនីគ្រប់កម្រិត។

ក្នុងកិច្ចប្រជុំសរុបការងារប្រចាំឆ្នាំ លោក យ៉េ វីសៃ បានថ្លែងថា គោលបំណងសំខាន់នៃការផ្តល់អាជ្ញាប័ណ្ណ គឺដើម្បីគ្រប់គ្រងការដំឡើង និងដំណើរការ ឲ្យមិនប៉ះពាល់ដល់ស្ថិរភាពបណ្តាញអគ្គិសនីជាតិ ព្រមទាំងចែកចាយសមត្ថភាពសូឡាលើដំបូលឲ្យសមស្របតាមផែនការថាមពលជាតិ និងលើកកម្ពស់ការទទួលខុសត្រូវផ្នែកបរិស្ថាន។

លោកបានបញ្ជាក់ថា អាជ្ញាធរអគ្គិសនីនឹងបន្តអនុវត្តគោលការណ៍តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ក្នុងការអនុម័ត ព្រមទាំងពង្រឹងប្រព័ន្ធត្រួតពិនិត្យ ដើម្បីធានាការអភិវឌ្ឍវិស័យនេះឲ្យមានស្ថិរភាព។

ជាមួយគ្នានេះ ក៏នឹងអនុវត្តវិធានការបន្ថែម ដូចជា បង្កើនការចុះបញ្ជីអ្នកប្រើប្រាស់សូឡាលើដំបូល ធ្វើឲ្យការគ្រប់គ្រងមានប្រព័ន្ធភាព កែលម្អសេវាកម្មអនឡាញតែមួយច្រក និងបណ្តុះបណ្តាលផ្នែកច្បាប់ និងបច្ចេកទេស ដល់អ្នកផ្គត់ផ្គង់អគ្គិសនី ក្រុមហ៊ុនដំឡើង និងអ្នកប្រើប្រាស់ ដើម្បីធានាសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។