ដើម្បីបង្ក្រាបអំពើបោកប្រាស់តាមទូរស័ព្ទ និងអ៊ីនធឺណិត អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការរួម លោក ខួន ស្រេង បានកោះប្រជុំការងារពិសេសម្តងទៀត នៅថ្ងៃនេះ ដោយផ្តល់សេចក្តីណែនាំច្បាស់លាស់ទៅកាន់សង្កាត់ទាំង 14 និងស្ថាប័នពាក់ព័ន្ធថា ត្រូវលុបបំបាត់បទល្មើសបោកប្រាស់ឲ្យអស់សព្វគ្រប់មុនថ្ងៃទី 30 ខែមីនា ឆ្នាំ 2026។

ក្នុងកិច្ចប្រជុំ លោកបានលើកឡើងថា កម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ ត្រូវតែស្គាល់ “៣ ចំណុចសំខាន់” គឺ ស្គាល់មេក្រុម ស្គាល់ទីតាំងប្រព្រឹត្តបទល្មើស និងយល់ដឹងអំពីបណ្តាញឧក្រិដ្ឋកម្មទាំងមូល ដើម្បីវាយប្រហារបានត្រឹមត្រូវ។

លោកក៏បានបញ្ជាក់ថា ការបង្ក្រាបត្រូវវាយត្រង់ក្បាលក្រុមបោកប្រាស់ ព្រោះបើមិនដូច្នោះទេ ក្រុមឧក្រិដ្ឋកម្មអាចកើតឡើងវិញយ៉ាងឆាប់រហ័ស។

លោកបានបញ្ជាឲ្យអភិបាលខណ្ឌទាំង 14 ចូលរួមដឹកនាំដោយផ្ទាល់ បង្កើនការត្រួតពិនិត្យ និងការស៊ើបអង្កេតជាប្រចាំ ដោយមានគោលដៅធ្វើឲ្យភ្នំពេញក្លាយជាតំបន់សន្តិសុខស្អាតស្អំ។ ព្រមជាមួយគ្នានេះ លោកក៏រំលឹកដល់មន្ត្រីមូលដ្ឋានឲ្យបន្តផ្តល់សេវាសាធារណៈ និងថែរក្សាសន្តិសុខប្រចាំថ្ងៃ ដើម្បីឈ្នះទំនុកចិត្តពីប្រជាពលរដ្ឋ។