(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានណែនាំដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត, មន្ទីរ, អង្គភាពពាក់ព័ន្ធ, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់នៃខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នាអនុវត្តឱ្យសម្រេចបានលទ្ធផលល្អ ក្នុងឆ្នាំ២០២៦នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និង លើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី រដ្ឋមន្រ្តី ប្រតិភូរាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយឧត្តមសេនីយ៍ អគ្គនាយក អគ្គនាយករងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ដើម្បីបន្តថែរក្សា ពង្រឹង និងពង្រីកនូវសមិទ្ធផលសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ក្នុងឆ្នាំ២០២៦នេះ។

លោកបានលើកឡើងថា៖

*ក្រុមការងារទាំងអស់ ត្រូវមានកិច្ចសហការស្អិតល្មួត ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកណ្តាល *ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារ នូវសន្តិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម *ត្រូវពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និង មានការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីរួមគ្នា បង្គារ, ទប់ស្កាត់ និង បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋានរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់

*ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែសកម្ម នៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និង ត្រូវបំផុសចលនាប្រជាជន ឲ្យចូលរួមកសាង ភូមិ និង ឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន។

ក្នុងឱកាសនេះដែរ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា ខេត្តកណ្ដាលមានការរីកលូតលាស់ជាបន្តបន្ទាប់ និងកាន់តែមានសក្តានុពលខ្លាំងក្លា ដោយផលិតផលក្នុងស្រុកសរុបមានចំនួន ៣,៤១០ លានដុល្លារ និងចំណូលរបស់ប្រជាពលរដ្ឋជាមធ្យមបានកើនឡើងដល់ ២,៤៥៦ ដុល្លារ ក្នុងឆ្នាំ២០២៤។ ដើម្បីបន្តរក្សាកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខេត្តកណ្ដាលបាន និងកំពុង កសាងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏សម្បូរបែប និងប្រទាក់ក្រឡាគ្នា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវល្បឿនលឿន ផ្លូវក្រវាត់ក្រុង មហាវិថី ផ្លូវរថភ្លើង ស្ពានឆ្លងកាត់ទន្លេ កំពង់ផែ អាកាសយានដ្ឋានអន្តរជាតិតេជោ និងគម្រោងជាប្រវត្តិសាស្រ្តព្រែកជីកហ្វូណនតេជោ ព្រមទាំងបានតភ្ជាប់បណ្តាញអគ្គិសនីគ្របដណ្តប់គ្រប់ភូមិទូទាំងខេត្ត និងបណ្តាញផ្គត់ផ្គង់ទឹកស្អាតសម្រេចបាន ១ ០០១ ភូមិ លើ ១ ០១០ ភូមិ៕