នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករជាង 50 គ្រួសារ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានចាប់ផ្តើមចិញ្ចឹមកណ្តូបជាអាជីពបន្ថែម បន្ទាប់ពីធ្វើស្រែ ដើម្បីបង្កើនប្រាក់ចំណូល។ អាជីពនេះកំពុងក្លាយជាការពេញនិយម ព្រោះត្រូវការវិនិយោគតិច និងចំណាយពេលខ្លី។

កសិករបាននិយាយថា បន្ទាប់ពីប្រមូលផលស្រូវរាល់ឆ្នាំ ពួកគេតែងមានពេលទំនេរ និងប្រាក់ចំណូលមិនស្ថិតស្ថេរ។ មួយរយៈមុន មានប្រជាពលរដ្ឋម្នាក់បានរៀនបច្ចេកទេសចិញ្ចឹមកណ្តូបពីសាច់ញាតិ នៅខេត្តផ្សេង ហើយពេលត្រឡប់មកវិញបានសាកល្បងចិញ្ចឹម និងទទួលបានប្រាក់ចំណេញល្អ។

ក្រោយពេលឃើញលទ្ធផលល្អ ប្រជាពលរដ្ឋជាច្រើនក្នុងភូមិបានចាប់ផ្តើមចូលរួម ហើយបច្ចុប្បន្នមានជាង 50 គ្រួសារកំពុងចិញ្ចឹមកណ្តូប។

វិធីសាស្ត្រចិញ្ចឹមមានភាពសាមញ្ញ ដោយកសិករតែងតែសង់ស៊ុមតូចនៅក្នុងផ្ទះ ហើយប្រើមុងបិទជុំវិញ ដើម្បីការពារសត្វផ្សេងៗ។

អាហារសម្រាប់កណ្តូបភាគច្រើនមានដើមអំពៅ ស្លឹកអំពៅ និងស្លឹកចេក។ ពីពេលដាក់ពងរហូតដល់អាចលក់បាន ប្រហែលត្រូវការពេលត្រឹមជាង 1 ខែ ហើយមានអ្នកជួញដូរមកទិញដល់ភូមិ។

អ្នកជួញដូរបានបញ្ជាក់ថា ពួកគេទិញកណ្តូបពីកសិករតម្លៃប្រហែល 17000 ដល់ 18000 រៀល ក្នុងមួយគីឡូក្រាម ហើយលក់បន្តនៅទីផ្សារប្រហែល 30000 រៀល ក្នុងមួយគីឡូក្រាម ដោយតម្រូវការនៅតែមានស្ថិរភាព។